អំពីសមាគម
ប្រវត្តិយើង
ក្នុងអំឡុងពេលសង្រ្គាមស៊ីវីលនាទសវត្សរ៍ទី៧០ ជាពិសេសក្នុងរបបកម្ពុជាប្រជាធិបតេយ្យ របប គ្រប់គ្រងបានបណ្តាលឱ្យប្រទេសកម្ពុជាធ្លាក់ចុះ។ សង្រ្គាមស៊ីវិលបានអូសបន្លាយបន្តនៅក្នុងទសវត្សរ៍ទី៨០។
ទោះជាយ៉ាងណាក្តី អរគុណចំពោះកិច្ចខិតខំប្រឹងប្រែង និងឆន្ទៈយ៉ាងខ្លាំងក្លាចំពោះការស្វែងរកសន្តិភាពពីគ្រប់ភាគីកម្ពុជាទាំងអស់នាពេលនោះ ក្នុងទីបំផុត កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានបង្កើតឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ កិច្ចព្រមព្រៀងសន្តិភាពនេះបានផ្តល់ដំណោះស្រាយនយោបាយរួមមួយសម្រាប់ប្រជាជនកម្ពុជា ហើយបានធ្វើឱ្យប្រជាជនកម្ពុជា ដែលរស់នៅក្នុងជុំរំជនភៀសខ្លួនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ត្រូវបានធ្វើមាតុភូមិនិវត្តន៍មកភូមិកំណើតវិញរៀងៗខ្លួនវិញ ដែលមានគ្រួសារមួយចំនួនជាមួយកូនបួនប្រាំនាក់ផង។
ជាមួយគ្នានោះផងដែរ យុវជនរំសាយពីកងទ័ពបានត្រូវប្រឈមនឹងភាពគ្មានការងារធ្វើ ដូច្នេះមានការលំបាកជាខ្លាំង។ ដោយមើលឃើញនូវស្ថានភាពទាំងនោះហើយ ទើបសមាគមអភិវឌ្ឍន៍បច្ចេកទេសយុវវ័យខ្មែរបានសម្រេចចិត្តបង្កើតមជ្ឍមណ្ឌលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅឆ្នាំ១៩៩៣ នៅភូមិអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ គោលដៅចម្បងនៃការបង្កើតមជ្ឍមណ្ឌលវិជ្ជាជីវៈឡើងនាពេលនោះ គឺដើម្បីផ្តល់នូវជំនាញដូចជា៖ ជាងឈើ និងការជួសជុលគ្រឿងយន្តជាដើម។ បន្ទាប់មក នៅឆ្នាំ១៩៩៤ សមាគមបានសម្រេចចិត្តប្តូរទីតាំងមកទីប្រជុំជននៃខេត្តបន្ទាយមានជ័យ ដែលសិ្ថតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា។ ខេត្តនេះត្រូវបានទទួលរងប៉ះពាល់ដោយសង្គ្រាមស៊ីវិលអូសបន្លាយជាច្រើនឆ្នាំ។ សង្រ្កាមស៊ីវិលបានបន្សល់ទុកនូវកុមាររងគ្រោះជាច្រើន កុមារកំព្រា អំពើហិង្សាក្នុងគ្រួសារ និងកង្វះអាហារ។ ប្រជាជនទាំងនេះ ជាពិសេសកុមារ ត្រូវការជំនួយជាចាំបាច់។
ដោយមានការយល់ព្រមពីអាជ្ញាធរខេត្តបន្ទាយមានជ័យ មន្ទីរសង្គមកិច្ច បណ្តុះបណ្តាលវិជ្ជាជីវៈ និងយុវនីតិសម្បទា និងភាគីពាក់ព័ន្ធនានា លោកអភិបាលខេត្តបានផ្តល់ដីមួយផ្នែកដល់សមាគម ដើម្បីដំណើរការគម្រោងកម្មវិធីរបស់ខ្លួន។ នៅឆ្នាំ១៩៩៨ សមាគមអភិវឌ្ឍន៍បច្ចេកទេសយុវវ័យខ្មែរ និងអង្គការជួយកុមារកម្ពុជា ដែលជាម្ចាស់ជំនួយខ្លួន បានយល់ព្រមបង្វែរមជ្ឍមណ្ឌលវិជ្ជាជីវៈមកជាមណ្ឌលកុមារកំព្រា ក្នុងគោលបំណងជួយដល់កុមារដែលជួបការលំបាកខាងលើ។ នៅពេលនោះកុមារចំនួន ២៥ នាក់តែប៉ុណ្ណោះបានរស់នៅក្នុងមណ្ឌល។ មណ្ឌលបានផ្តល់នូវសេវាថែទាំ និងការអប់រំដល់ពួកគេ ជាពិសេសកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាព ម្ហូបអាហារ ការថែទាំសុខភាព ការអប់រំទាំងក្នុង និងក្រៅប្រព័ន្ធនៅសាលារដ្ឋ រួមទាំងថ្នាក់បំប៉នបន្ថែម នាំឱ្យពួកគេអាចមានចំណេះដឹង និងជំនាញប្រចាំជីវិតសម្រាប់អនាគតរបស់ពួកគេ។
អំពីយើង
សមាគមអភិវឌ្ឍន៍បច្ចេកទេសយុវវ័យខ្មែរ ជាអង្គការមិនមែនរដ្ឋាភិបាលឯករាជ្យ មិនមែនសាសនា និងមិនប្រកាន់និន្នាកានយោបាយ ដែលមានជំនាញក្នុងការអភិវឌ្ឍន៍ និងការអប់រំកុមារ ដែលជួបការលំបាកនៅក្នុងប្រទេសកម្ពុជា ហើយបានធ្វើការតាំងពីឆ្នាំ១៩៩៣ ដើម្បីជួយកុមារ និងគ្រួសារពួកគេលើកកម្ពស់ស្វ័យភាពតាមរយៈការទទួលបានការអប់រំ សុខភាព និងវប្បធម៌។
បេសកកម្មយើង
បេសកកម្មយើង គឺដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ដោយជួយគាំទ្រកុមារដែលងាយរងគ្រោះ ដោយគោរពប្រពៃណីទំនៀមទំលាប់ពួកគេ។ ជំនួយដែលផ្តល់ឱ្យកុមារអាចធ្វើឱ្យពួកគេជ្រើសរើសអនាគតដោយសេរី តាមរយៈការទទួលបានការអប់រំ សុខភាព និងចំណេះដឹងវប្បធម៌ រួមទាំងមោទនភាពផងដែរ។ ដូច្នេះកុមារនឹងក្លាយជាតួអង្គក្នុងការអភិវឌ្ឍប្រទេសជាតិគេក្នុងវិស័យដែលគេបានជ្រើសរើស។