top of page
Top picture Soeurn and Thaingo.jpeg

អត្ថបទករណីសិក្សា

គីន សឿន, សហ-ស្ថាបនិក 

ខ្ញុំបាទឈ្មោះ គីន សឿន អាយុ ៥១ឆ្នាំ។ បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ខ្ញុំបានមករស់នៅខេត្តបន្ទាមានជ័យដើម្បីធ្វើការជាអ្នកអប់រំ នៅឆ្នាំ១៩៩៣។ ខ្ញុំបានចូលរួមជាមួយសមាគមអភិវឌ្ឍន៍បច្ចេកទេសយុវវ័យខ្មែរតាំងពីពេលកកើត និងជាសហ-ស្ថាបនិក ដែលក្នុងនោះមានបុគ្គលិកខ្មែរបួននាក់ និងទីប្រឹក្សាជនជាតិបារាំងម្នាក់។ សព្វថ្ងៃ ខ្ញុំជាសមាជិកតែម្នាក់គត់ក្នុងចំណោមស្ថាបនិក កំពុងបន្តធ្វើការនៅទីនេះ។

 

ជាង២០ឆ្នាំមកនេះ ខ្ញុំបានធ្វើការដើម្បីជួយកុមារកម្ពុជាដែលជួបការលំបាកដូចជាការស្រេកឃ្លាន ភាពឯកកោរ និងផលវិបាកនៃសង្គ្រាមនៅក្នុងខេត្តបន្ទាយមានជ័យ។ ខ្ញុំចង់ធ្វើឱ្យប្រាកដថា កុមារទាំងនោះទទួលបានយកចិត្តទុកដាក់យ៉ាងល្អ ហើយនៅក្នុងគំនិតនេះ ខ្ញុំធ្វើកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាល ដើម្បីអភិវឌ្ឍ និងធ្វើឱ្យមានភាពប្រសើរឡើងនូវការអប់រំ និងប្រយុទ្ធប្រឆាំងនឹងអក្ខរកម្មនៅកម្ពុជា។

នៅក្នុងកំឡុងពេលខ្ញុំធ្វើការនៅទីនេះ យើងបានធ្វើឱ្យមានការវិវឌ្ឍន៍ និងកែលម្អសកម្មភាពរបស់យើងពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងគោលបំណងដើម្បីអភិវឌ្ឍកម្មវិធីថ្មីៗ និងធ្វើឱ្យប្រសើរជាងមុន។

ប៉ុន្មានឆ្នាំមកនេះ ខ្ញុំបានកាន់មុខតំណែងជាច្រើន ដែលបានធ្វើឱ្យខ្ញុំដឹង និងយល់ពីសកម្មភាពចម្រុះជាច្រើនរបស់សមាគម។ នៅពេលចាប់ផ្តើមដំបូង ខ្ញុំបានទទួលខុសត្រូវផ្នែកទំនាក់ទំនង និងមណ្ឌលសិក្សាបំប៉ន។ បន្ទាប់មក ខ្ញុំបានទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ និងភាពជាដៃគូជាមួយសាលាបឋមសិក្សាសម្រស់កុមារ ដែលត្រូវបានកសាងនៅក្នុងឆ្នាំ១៩៩៩ នៅលើដីរបស់សមាគម។ ខ្ញុំត្រូវបានជ្រើសរើសឱ្យធ្វើជាប្រធានសមាគមពីឆ្នាំ ១៩៩៧ ដល់ ២០០១។ ជាងពីរទស្សវត្សបន្ទាប់ ខ្ញុំបានទទួលខុសត្រូវកម្មវិធីគាំទ្រគ្រួសារក្នុងសហគមន៍ ជាទីប្រឹក្សាអប់រំ និងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ។ មុខតំណែងរបស់ខ្ញុំពេលនេះត្រូវបានកំណត់នៅឆ្នាំ២០១៥ នៅពេលដែលមណ្ឌលសិក្សាបំប៉នត្រូវបានអភិវឌ្ឍ ហើយខ្ញុំក្លាយជាអ្នកទទួលខុសត្រូវពេញម៉ោងនូវកម្មវិធីនេះ។

 

ក្នុងនាមជាអ្នកដែលមានបទពិសោធន៍ច្រើនជាងគេបំផុតនៅក្នុងក្រុមរបស់យើង ខ្ញុំបានឃើញពីការឡើងចុះនៃមណ្ឌលសិក្សាបំប៉ន។ ខ្ញុំសង្ឃឹម និងជឿជាក់ថា វានឹងអាចធ្វើឱ្យកាន់តែមានភាពល្អប្រសើរឡើងនាពេលអនាគត។ ខ្ញុំនឹងបន្តការងាររបស់ខ្ញុំ ដើម្បីធានាភាពជោគជ័យនៃកម្មវិធីរបស់យើង ក្នុងកិច្ចសហការជាមួយអ្នកសម្របសម្រួលកម្មវិធី និងម្ចាស់ជំនួយនានា ឱ្យអស់ពីសមត្ថភាព និងដណាបណាសុខភាពអនុញ្ញាតិឱ្យខ្ញុំបន្ត។

Testimonial KIN Soeurn

ខ្ញុំបាទឈ្មោះ​ រ៉ឺន ស៊ីរ៉ុន អាយុ ៣៧ឆ្នាំ ជាអតីតកុមារមណ្ឌលសិក្សាឡាតាស្តិ៍។ កាលពីសម័យមុន បន្ទាប់ពីបានបញ្ចប់ការសិក្សាមធ្យមសិក្សាបឋមភូមិថ្នាក់ទី៩ នៅជនបទទីរួមស្រុកពុំទាន់មានវិទ្យាល័យនៅឡើយទេ គឺមានតែវិទ្យាល័យនៅទីរួមខេត្តបន្ទាយមាន-ជ័យ។ ដោយសារស្ថានភាពគ្រួសារមានភាពក្រីក្រ ពុំមានលទ្ធភាពបញ្ចូនខ្ញុំមករៀននៅវិទ្យាល័យ។ហេតុនេះហើយ បងប្រុសរបស់ខ្ញុំ បានទាក់ទងមកមណ្ឌលសិក្សាឡាតាស្តិ៍។ បន្ទាប់ពីបានដឹងអំពីស្ថានភាពគ្រួសាររបស់ខ្ញុំ លោកស្រី ប៉ាទ្រីស្យា ឡាប៊ួរីយេ ជាប្រធានសមាគមក៏បានទទួលយកខ្ញុំធ្វើជាកូនធម៌ ។

ក្នុងឆ្នាំ១៩៩៨ ខ្ញុំបានចូលរស់នៅក្នុងមណ្ឌល ដែលពេលនោះ  មានកុមារត្រឹមតែ ២៦នាក់។ពួកយើងរស់នៅជាលក្ខណៈគ្រួសារធំមួយ ញ៉ាំអាហារជាមួយគ្នា សិក្សាជាមួយគ្នា ស្រឡាញ់គ្នាដូចបងប្អូនបង្កើត ថ្វីត្បិតតែពួកយើងមកពីស្រុកខុសៗគ្នាក៏ដោយ ។

Portrait Syronn.jpeg
រុឺន ស៊ីរ៉ុន, អតីតកុមារ 

ក្រោយពីបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ខ្ញុំទៅបន្តការសិក្សារយៈពេលពីរឆ្នាំ នៅទីក្រុងភ្នំពេញក្នុងឆ្នាំសិក្សា ២០០១-២០០៣​ ហើយក៏បានក្លាយជាគ្រូបង្រៀនភាសាបារាំង-ខ្មែរ។ នៅខែកក្កដា ឆ្នាំ ២០០៣ ប៉ាប៉ា ឌឺនីស ប៊ូទីត្យេ បានស្នើខ្ញុំឲ្យមកជួយការងារ បង្រៀនភាសាបារាំង និងការងាររដ្ឋបាលរបស់សមាគម។ ពេលនោះ ខ្ញុំធ្វើការងារក្រៅម៉ោង ពីព្រោះខ្ញុំបង្រៀននៅសាលារដ្ឋ និងបន្តការសិក្សានៅសាកលវិទ្យាល័យផ្នែកនីតិសាធារណៈផងដែរ។ ដោយការស្រឡាញ់ការងារ និងចង់ជួយសមាគម ខ្ញុំបានបន្តការងារដែលមានតួនាទីជាអ្នកសម្របសម្រួលរដ្ឋបាល ​និងគរុកោសល្យរហូតមកដល់បច្ចុប្បន្ននេះ។ ភាគច្រើននៃការងារ ខ្ញុំបានជួយសម្របសម្រួលការងារតាមកម្មវិធីនីមួយៗរបស់សមាគម ជួយតម្រង់ទិសការសិក្សារបស់កុមារ លើការសិក្សាវិជ្ជាជីវៈ និងនៅសាកលវិទ្យាល័យ តាមរយៈបទពិសោធន៍ការងារ ក៏ដូចជាបទពិសោធន៍ជាអតីកកុមារមណ្ឌល។ លើសពីនេះ ខ្ញុំមានតួនាទីជាអ្នកទទួលខុសត្រូវផ្នែកទំនាក់ទំនងជាមួយក្រុមអតីតកុមារ។

 

ចាប់តាំងពីការកកើតមណ្ឌលមានការរីកចម្រើនដូចខាងក្រោមៈ

  • កុមារជាច្រើនបានបញ្ចប់ការសិក្សាដោយជោគជ័យ និងមានការងារធ្វើល្អៗនៅក្នុងសង្គម។ អ្នកខ្លះបានចូលរួមធ្វើការងារស័្មគ្រចិត្តក្នុងតួនាទីសំខាន់ៗរបស់សមាគម​។

  • ផ្នែកវិស័យអប់រំ យើងមានមណ្ឌលសិក្សាបំប៉ន កម្មវិធីជួយកុមារក្នុងសហគមន៍ កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ​    និងនិស្សិតតាមសាកលវិទ្យាល័យ ដែលបានការចុះកិច្ចព្រមព្រៀងជាមួយក្រសួងអប់រំ យុវជន និងកីឡា។ ផ្នែកវិស័យគាំពារកុមារ យើងមានកម្មវិធីគ្រួសារចិញ្ចឹម បីគ្រួសារនៅក្នុងមណ្ឌលផងដែរ។   

  • ដោយឡែក សមាគមមានទំនាក់ទំនងល្អជាមួយនឹងអាជ្ញាធរដែនដីគ្រប់កម្រិតថ្នាក់។ សមាគមបានចុះកិច្ចព្រមព្រៀងជាមួយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសង្គមកិច្ច ជាច្រើនអាណត្តិមកហើយ។ សមាគមមួយចំនួនបានបញ្ចប់សកម្មភាពរបស់ខ្លួននៅប្រទេសកម្ពុជា។ ប៉ុន្តែ សមាគមយើងនៅតែបន្តសកម្មភាព និងបានកែប្រែសកម្មភាពរបស់ខ្លួន ធ្វើឲ្យស្របតាមច្បាប់ជាតិ អន្តរជាតិ  និង  ជាពិសេស អនុលោមតាមគោលការណ៍អង្គការ Unicef ។

  • សមាគមមានភាពជាដៃគូយ៉ាងជិតស្និតជាមួយ អង្គការជួយកុមារកម្ពុជា AEC-Lataste (អង្គការម្ចាស់ជំនួយ) ដែលបានជួយសមាគមចាប់តាំងពីការកកើតរហូតមកដល់បច្ចុប្បន្ននេះ។ ពេលអនាគត ខ្ញុំសង្ឃឹមថា សមាគមនឹងមានការរីកចម្រើនគ្រប់កម្មវិធីនីមួយៗ ដោយសារកិច្ចសហប្រតិបត្តិការ អង្គការម្ចាស់ជំនួយ AEC-Lataste   ADTJK  និង​ក្រុមអតីតកុមារ។ 

 

ជំនួសមុខឲ្យសមាគម​  និងក្រុមអតីកុមារមណ្ឌលទាំងអស់  ខ្ញុំសូមអរគុណដល់អង្គការដៃគូនានា អាជ្ញាធរដែនដី និងជាពិសេសអង្គការ AEC- Lataste ដែលបានជួយជ្រោមជ្រែងក្នុងដំណើរការល្អរបស់សមាគមកន្លងមក។

Testimonial ROEUN Syronn
bottom of page